Home » , » ប្រកាស​ពន្យារពេល​ការប្រឡង​ទាំង​តក់ក្រហល់​បង្ក​កង្វល់​ដ​ល់​បេក្ខជន​និង​មេ​ប្រយោគ​

ប្រកាស​ពន្យារពេល​ការប្រឡង​ទាំង​តក់ក្រហល់​បង្ក​កង្វល់​ដ​ល់​បេក្ខជន​និង​មេ​ប្រយោគ​


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ពេល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦-១៧ ខែកញ្ញា ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ ខែកញ្ញា វិញ​។ មូលហេតុ​នៃ​ការលើក​ពេលនេះ ក្រសួង​មិនបាន​បញ្ជាក់​នោះទេ តែ​ការប្រកាស​លើក​ពេល​ទាំង​តក់ក្រហល់​នេះ​បង្ក​ជា​កង្វល់​ដល់​បេក្ខជន​ជាង​១២​ម៉ឺន​នាក់ និង​គណៈមេប្រយោគ​ទូទាំងប្រទេស​ផងដែរ​។​


​តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា បាន​ជម្រាប​ជូនដំណឹង​ដល់​មាតា បិតា អាណាព្យាបាល​សិស្សានុសិស្ស ទាំងអស់​ថា ការប្រឡង​មធ្យមសិក្សា​បឋមភូមិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦-១៧ ខែកញ្ញា ត្រូវ​លើក​ពេល​ទៅ​ថ្ងៃទី​២៦-២៧ ខែកញ្ញា វិញ​។​​


​ការសម្រេច​លើក​ពេល​នៃ​ការប្រឡង​ឌី​ប្លូ​ម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ​។ ទោះបីជា​យ៉ាងណា សាធារណជន​ទូទៅ​លើកឡើងថា ការលើក​ពេល​ប្រឡង​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ទ្រង់ទ្រាយ​ធំ និង​បង្ក​ឲ្យ​មាន​ហិង្សា​ការប៉ះទង្គិច​គ្នា​រហូត​មាន​អ្នករងរបួស​នោះ​។​​


​គណៈមេប្រយោគ​គ្រប់​ថ្នាក់ មន្ត្រី​អប់រំ​ស្ទើរ​គ្រប់​មុខតំណែង​ដែល​ត្រៀម ចូលរួម​ក្នុង​ដំណើរការ​វិញ្ញាសា​ប្រឡង​ក្នុង​មណ្ឌល​សំណេរ​(​ពេល​សិស្ស​ប្រឡង )​លើកលែងតែ​គណៈមេប្រយោគ ជា​អ្នកធ្វើ​កំណែ​បែងចែក​សន្លឹក​កិច្ចការ​, បូក​ស្រង់​-​គូស​ជាប់​ធ្លាក់​នៃ​ដំណើរការ​មណ្ឌល​កំណែ គឺ​បាន​រិះគន់​ការលើក​ពេលនេះ​យ៉ាង​ប្រថុចញ៉ុច គឺ ដំណឹង​បានដឹង​សុសសាយ​នៅតែ​ប៉ុន្មាន​នារី​មុន​ការប្រជុំ​គណៈមេប្រយោគ​តាម​មណ្ឌល​នីមួយៗ​នៅ​រសៀល​ម៉ោង​២​នា​ថ្ងៃទី​១៥ កញ្ញា ដំណើរការ​តែប៉ុណ្ណោះ​។​​


​បេក្ខជន​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​និយាយថា ការធ្វើ​បែបនេះ​នាំ​ឲ្យ​ពួកគេ​ចេះតែ​បារម្ភ ភ័យ បើ​ជាប់​ត្រូវ​ចូលរៀន​ក្រោយ​គេ មិនទាន់​កម្មវិធី​។ ចំណែក​មន្ត្រី​អប់រំ​ក៏​លំបាក​ក្នុងការ​ធ្វើការ ព្រោះ​ប្រតិទិន​ការងារ​មាន​ជាស្រេច បើ​ពន្យារពេល​ការងារ​មួយ​នឹង​ប៉ះពាល់​ការងារ​មួយទៀត ហើយក៏​លំបាក​ក្នុងការ​រៀបចំ​ថ្នាក់ សេវា​ប្រចាំ​សប្តាហ៍ និង​ការអនុវត្ត​កម្មវិធីសិក្សា​ជាដើម​។​​


​ទោះបីជា​យ៉ាងណា ការពន្យារ​ពេលនេះ​ទំនងជា​ធ្វើឡើង​ក្នុង​បំណង​ជួយ​រក្សា​សន្តិសុខ និង​សុវត្ថិភាព ជូន​បេក្ខជន​ជា​សិស្សានុសិស្ស ក៏ដូចជា​គណៈមេប្រយោគ​ទាំងអស់​ជាពិសេស​សិស្ស​ដែល​ត្រូវ​ចេញ ទៅ​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​រាជធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ចំនួន​១៦៦៣៥​នាក់ មាន​៣៧​មណ្ឌល ។​​


​សូម​រំឭកថា សិស្សានុសិស្ស​ចំនួន​ជាង​១២​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​)​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​ ​តាម​គេហទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១២ កញ្ញា បាន​ឲ្យ​ដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​ឌី​ប្លូ​ម​)​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ដេ​ល​មាន​បេក្ខជន​ចំនួន​១២៦ ៤២៨​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​៣៨០​មណ្ឌល ដែល​ចែកចេញជា​៥២៤៤​បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រឡង​នេះ​នឹងត្រូវ​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​មណ្ឌល​សំណេរ​នីមួយៗ​។​​


​សូមបញ្ជាក់ថា ជាទូទៅ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​ឌី​ប្លូ​ម​)​ធ្លាប់​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា មុន​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​តែ​ត្រូវបាន​លើក​ពេល​មក​ធ្វើ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ដោយសារតែ​ខែកក្កដា ចំ​រដូវ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឥឡូវ​លើក​ពេល​ពី​ថ្ងៃទី​១៦ ខែកញ្ញា ទៅ​រៀបចំ​នៅ​ថ្ងៃទី​២៦ ២៧ ខែកញ្ញា ឆ្នាំ​២០១៣ សប្តាហ៍​ក្រោយនេះ​វិញ​៕ ​Untitled2

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS