ខេត្តបាត់ដំបង ៖ លោក ឡាយ ខុម ជាមេបញ្ជាការរង វរៈការពារព្រំដែនគោកលេខ៨១៧ ឈរជើងគ្រប់គ្រងច្រកព្រំដែន ចាប់ពីព្រំប្រទល់ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង រហូតដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃុបឃិត ឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ឆ្លងកាត់ព្រំដែនយ៉ាងអនាធិបតេយ្យបំផុត គ្មានក្រែងញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់ថ្នាក់លើនោះទេ ហើយផលប្រយោជន៍ដែលប្រមូលបានទំនងជាលោក ឡាយ ខុម ចាត់ចែងទៅសែនព្រេន ថ្នាក់លើខ្លះដែរហើយមើលទៅ បានជាអ្វីៗចេះតែរលូនល្អ មិនដែលមានការដាក់ពិន័យ។
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឡាយ ខុម ជាមេបញ្ជាការរងវរៈការពារព្រំដែនគោកលេខ៨១៧ ក៏ពិតមែន ប៉ុន្តែគាត់ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ដូច្នេះគាត់មានសិទ្ធិអំណាចកាប់ដាវ ដើម្បីប្រមូលលុយយកទៅទ្រទ្រង់ ឆ្នាំងបាយថ្នាក់លើ ហើយជាធម្មតា អ្នកកាន់ការងារលុយកាក់ តែងតែមានឥទ្ធិពលអំណាចចង់ខ្លាំងជាង មេវរៈការពារព្រំដែនគោកលេខ៨១៧ ទៅទៀត។ លោក ឡាយ ខុម គឺជាមនុស្សឆ្អិនឆ្អៅក្នុងអាជីពកាប់ដាវប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធ គ្រប់ប្រភេទមកពីស្រុកថៃ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់ ហើយបទបញ្ជារបស់រាជរដ្ឋាភិបាល រួមទាំងសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ លោក ឡាយ ខុម បានយកទៅទ្រាប់គូថអង្គុយមិនដែលខ្វល់ខ្វាយអ្វីទាំងអស់ ធ្វើយ៉ាងណាឲ្យតែគាត់អាចប្រមូលលុយ យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។
តំបន់ដែលគ្រប់គ្រងដោយលោក ឡាយ ខុម ពីចំណុចព្រំប្រទល់ស្រុកភ្នំព្រឹក រហូតដល់ស្រុកម៉ាឡៃ គេសង្កេតឃើញមានច្រករបៀង ខុសច្បាប់ចំនួន៨កន្លែង សុទ្ធសឹងតែជាចំណុចយុទ្ធសាស្ត្រ ដែលក្រុមឈ្មួញធំៗប្រើប្រាស់ ក្នុងការដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទ មានដូចជាគ្រឿងសំណង់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហ្គាស ជ្រូកក្រហម មាន់កសិកម្ម រហូតដល់ចំណីអាហារ មានសារធាតុគីមី និងខូចគុណភាព ក៏ត្រូវបាននាំចូលតាមច្រករបៀង ទាំង៨កន្លែងនោះ យ៉ាងអនាធិបតេយ្យបំផុត។ នៅពេលលោក ឡាយ ខុម បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញ លួចនាំចូលទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យហើយនោះ គេសង្កេតឃើញជំនាញគយ និងសមត្ថកិច្ចមួយចំនួនទៀត គ្រាន់តែជាជើងក្រោយប៉ុណ្ណោះ អាចនិយាយបានថា លោក ឡាយ ខុម គឺជាអ្នកបោះមេ ក្នុងការបែងចែកលុយកាក់ ឲ្យសមត្ថកិច្ចជំនួសក្រុមឈ្មួញ។
លោក ឡាយ ខុម មិនត្រឹមតែជាអ្នកក្តោបក្តាប់ ការងារសេដ្ឋកិច្ចលុយកាក់ ប្រចាំអង្គភាពវរៈការពារព្រំដែនលេខ៨១៧ ប៉ុណ្ណោះទេ គឺលោក ឡាយ ខុម ត្រូវគេដឹងថា ជាមេឈ្មួញជួញដូរប្រព្រឹត្ត បទល្មើសឆ្លងកាត់ព្រំដែន ដែលហ៊ានចេញមុខចេញមាត់ ខ្លាំងជាងគេផងដែរ។ ជាពិសេសនៅលើទឹកដី ស្រុកសំពៅលូនខេត្តបាត់ដំបង គេសង្កេតឃើញមុខជំនួញរកស៊ីខុសច្បាប់ ឬការនាំចូលទំនិញគេចពន្ធជាច្រើនសុទ្ធតែពាក់ព័ន្ធជាមួយលោក ឡាយ ខុម ជាអ្នកចេញមុខរត់ការបោះមេ បែងចែកលុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។ សិទ្ធិអំណាចរបស់លោក ឡាយ ខុម ធំណាស់ប្រសិនបើគាត់ មិនផ្តល់ភ្លើងខៀវឲ្យឈ្មួញណាម្នាក់ ច្បាស់ជាគ្មាននរណាម្នាក់ហ៊ានបើកឲ្យ ទំនិញគេចពន្ធឬទំនិញខុសច្បាប់ របស់ឈ្មួញទាំងនោះហូរចូលប្រទេសកម្ពុជាបានទេ។
មន្ត្រីមួយចំនួនទៀតក៏បានបង្ហើបផងដែរថា សម្រាប់ការនាំចូលទំនិញ តាមច្រកព្រំដែននិងតាមច្រករបៀងទាំង៨កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឡាយ ខុម ដូចជានៅចំណុចច្រកភ្នំដី ស្ថិតនៅទីតាំងគីឡូម៉ែត្រ១៣ ក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានការនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ដែលនៅទីនោះក្រុមឈ្មួញត្រូវបង់លុយជូនមន្ត្រីលោក ឡាយ ខុម ដែលប្រចាំការនៅទីនោះ សម្រាប់រថយន្តយីឌុបមួយគ្រឿង ត្រូវបង់ថ្លៃក្បាលឡានចាប់ពី ២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ដោយគ្មានការយោគយល់អ្វីឡើយ។ នៅពេលបង់លុយតាមការតម្រូវរបស់លោក ឡាយ ខុម រួចហើយនោះ ក្រុមឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ចូលប្រទេសកម្ពុជាយ៉ាងរលូនល្អ គ្មាននរណាត្រួតពិនិត្យទេ។
ជាក់ស្តែងបទល្មើសនៃការនាំចូលឈើគ្រញូង ខុសច្បាប់ពីស្រុកថៃ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមស្រុកសំពៅលូននិងស្រុកម៉ាឡៃ ក្រោមការគ្រប់គ្រងរបស់លោក ឡាយ ខុម ក៏ជាប្រភពចំណូលមិនធម្មតាដែរ នេះមិនទាន់គិតពីការឃុបឃិត ឲ្យប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារធ្វើនៅស្រុកថៃ ដែលសុទ្ធតែជាប់កាតព្វកិច្ច បង់លុយជូនលោក ឡាយ ខុម ក្នុងម្នាក់២០ទៅ៣០បាត។ អាចបញ្ជាក់បានថា តួនាទីក្តោបក្តាប់ការងារសេដ្ឋកិច្ច ប្រមូលលុយកាក់របស់លោក ឡាយ ខុម ពិតជាមិនធម្មតាទេ ក្រៅពីធ្វើជាអ្នកកាងបទល្មើស ដ៏ល្បីល្បាញឆ្លងកាត់ព្រំដែន លោក ឡាយ ខុម ក៏បានធ្វើជាអ្នកកេងប្រវ័ញ្ចញើសឈាម ប្រជាពលរដ្ឋក្រីក្រដោយ គ្មានក្តីអាណិតអាសូរផងដែរ៕
ប្រភពពី៖ www.watphnom-news.com




0 comments:
Post a Comment