Home » , » ចាប់ព្រាន​ព្រៃ៧នាក់​ បាញ់សម្លាប់​ខ្ទីងញីផើម​មួយ​ក្បាល សត្វព្រៃ​ដ៏កម្រ​នេះគប្បី​ការពារ​ឱ្យមាន​ប្រសិទ្ធ​ភាព

ចាប់ព្រាន​ព្រៃ៧នាក់​ បាញ់សម្លាប់​ខ្ទីងញីផើម​មួយ​ក្បាល សត្វព្រៃ​ដ៏កម្រ​នេះគប្បី​ការពារ​ឱ្យមាន​ប្រសិទ្ធ​ភាព


ខេត្តមណ្ឌលគិរី ៖ ព្រានព្រៃ៧នាក់ ត្រូវមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្ត សហការជាមួយសមត្ថកិច្ច ចាប់ឃាត់ខ្លួន ក្រោយពីជនទាំងនោះ បានបាញ់សម្លាប់សត្វខ្ទីងញីមួយ ក្បាល ដែលផើមជិតគ្រប់ខែទៅហើយនោះ ។ នេះជាទង្វើអគតិមួយដែលជនទាំងនោះ បានប្រព្រឹត្តដោយខ្វះមនសិការ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ករណីចាប់ខ្លួនព្រានព្រៃដែលពុំធ្លាប់មានចំនួន ច្រើននាពេលកន្លងមកនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ កញ្ញា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅស្រុកកោះញែក ។ សត្វខ្ទីង ត្រូវបានគេចាត់ទុកជាអម្បូរសត្វព្រៃដ៏កម្រ ស្ទើរដាច់ពូជទៅហើយ និងត្រូវអភិរក្សផងដែរ ។ គេប្រទះឃើញមាននៅសេសសល់ប្រភេទសត្វខ្ទីងក្នុងចំនួនដ៏តិចតួច ប៉ុណ្ណោះក្នុងព្រៃជ្រៅនៃបណ្តាខេត្តភាគឦសានប្រទេស ជាពិសេសខេត្តមណ្ឌលគិរី ។ ទោះបីជាបែបណា សត្វខ្ទីងកំពុងរងនូវហានិភ័យយ៉ាងធ្ងន់ធ្ងរពីក្រុមអ្នកប្រមាញ់ យកសាច់ ស្បែក ឆ្អឹង និងស្នែងទៅលក់។ ជាពិសេសការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រករបស់វា ក៏ជាកត្តាជួយជំរុញឱ្យពពួកសត្វព្រៃធំៗកម្រទាំងនោះត្រូវរងគ្រោះ ផងដែរ ។

ប្រភពពីមន្ត្រីបរិស្ថានខេត្តម្នាក់បាននិយាយ ថា សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបក្រុមព្រានព្រៃបាញ់ សម្លាប់សត្វខ្ទីងផើម១ក្បាលនោះ ដោយគេបានឃើញបំណែកជើង និងក្បាលរបស់វា រួមជាមួយឆ្អឹងដែលនៅសេសសល់ក្នុងតំបន់ដែលជាជម្រកសត្វព្រៃភ្នំ ព្រិចកាលពីថ្ងៃទី១១ កញ្ញា ។ នៅពេលដែលក្រុមសមត្ថកិច្ចទៅដល់ ពួកព្រានព្រៃបានពន្លះសាច់យកស្ទើរតែអស់ទៅហើយ ។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបរិស្ថានខេត្តបានប្រមូលសាច់ ឆ្អឹងសត្វខ្ទីងនោះយកមករក្សាទុក ហើយក្រុមព្រានព្រៃទាំង៧នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកកសាង សំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ។ បើទោះជាយ៉ាងនេះក្តី ពុំមានប្រភពណាមួយបានបង្ហើបប្រាប់ពីអត្តសញ្ញាណរបស់ជនល្មើសក្នុង ករណីបាញ់សម្លាប់សត្វខ្ទីងញីមួយក្បាលនោះទេ គឺហាក់បីដូចជាមានអាថ៌កំបាំងបំផុតចំពោះករណីមួយនេះ ។ ដូច្នេះហើយមជ្ឈដ្ឋាននានាបានរង់ចាំមើលថា តើព្រានព្រៃទាំងនោះត្រូវបានមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធ នឹងចាត់វិធានការបែបណាចំពោះករណីខាងលើនេះ ។
មានការកត់សម្គាល់ ថា ការបរបាញ់សត្វព្រៃនៅក្នុងដែនដីខេត្តមណ្ឌលគិរី កំពុងមានសកម្មភាពមួយគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលក្រុមព្រានព្រៃហាក់ពុំសូវបង្ក្រាបបាននោះ។

យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយអង្គ ការ WWF មានចំណងជើងថា Rumble in the Jungle ថនិកសត្វព្រៃដែលមានក្រចកជើងចម្ពាមដែលកំពុងរស់នៅក្នុងបណ្តា ប្រទេសនៃមហាតំបន់មេគង្គ ហើយភាគច្រើនជាសត្វមានតែនៅក្នុងតំបន់នេះតែប៉ុណ្ណោះ កំពុងទទួលរងគ្រោះថ្នាក់ឈានទៅដល់ការបាត់បង់ ប្រសិនបើមិនមានវិធានការដើម្បីលើកកម្ពស់កិច្ចការពារ និងលើកកម្ពស់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងគោលដៅស្តារ ឡើងវិញនូវចំនួនសត្វទាំងនេះ ព្រមទាំងទីជម្រករបស់វាទេនោះ ។ ថនិកសត្វមានក្រចកជើងចម្ពាមមានចំនួន១៣ប្រភេទ ដែលតាមរបាយការណ៍ត្រូវបានអ្នកវិទ្យាសាស្ត្រចងក្រង ទុកទៅតាមលំដាប់ប្រភេទសត្វ និងស្ថានភាពរបស់ពួកវា រាប់ពីពពួកសត្វក្តាន់ ប្រើស មានមាឌប៉ុនសត្វឆ្កែ ពពួកសត្វគោសាទិស រាប់ពីពពួកសត្វមានមាឌធំ មានស្នែងធំវែង រហូតដល់សត្វដែលគេកម្រប្រទះឃើញ ។ អ្នកវិទ្យាសាស្ត្របានដឹងទៀតថា ទៅអនាគតសត្វទាំងនេះមានភាពមិនច្បាស់លាស់ ហើយសម្រាប់ប្រភេទសត្វមួយចំនួនវាហួសពេលទៅហើយក្នុងការចាត់វិធាន ការដើម្បីការពារ ។

នៅក្នុងមហាតំបន់មេគង្គ សត្វគោព្រៃប្រហែលជាបានផុតពូជពីប្រទេសកម្ពុជាទៅហើយ ។ ចំណែកអម្បូរសត្វក្តាន់ឈ្មោះ Schomburgk ដែលធ្លាប់មាននៅប្រទេសថៃ ក៏បានផុតពូជពីទូទាំងសកលលោកនៅសតវត្សទី២០ ខណៈពេលសត្វក្តាន់ (Hog Deer ) និងសត្វសៅឡា (Soala) កំពុងប្រឈមនឹងការឈានទៅបាត់បង់ពីតំបន់នេះផងដែរ ។ រីឯប្រភេទសត្វមួយចំនួនទៀត ក៏កំពុងតែប្រឈមនឹងជោគវាសនាស្រដៀងគ្នានោះដែរ មានដូចជាសត្វរមាំង និងសត្វទន្សោងជាដើម ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS