ភ្នំពេញ៖ យុវជនម្នាក់ជាបង ត្រូវស្លាប់បាត់បង់ជីវិតនៅកន្លែង យ៉ាងអាណោចអាធ័ម ចំណែកប្អូនរបួសធ្ងន់ ព្រម ទាំងភាគីរងគ្រោះម្នាក់ ក៏រងរបួសធ្ងន់ធ្ងរដែរ ដោយសារពួកគេជិះម៉ូតូចំនួន ២ គ្រឿង ក្នុងល្បឿនលឿនជ្រុល បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅ តាមផ្លូវ ព្រះមុនីរ៉េត ច្រកចូល ប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូ២គ្រឿងបុកគ្នាខាងលើ នេះ មួយគ្រឿងម៉ាកវីវ៉ា ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0684 ជិះគ្នា ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពី កើតទៅលិច យ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបើកប្រជែង រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ទើប បណ្តាលឲ្យ ជ្រុលចង្កូតទៅបុក ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-0360 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូវីវ៉ា ស្លាប់បាត់បង់ជីវិតនៅ នឹងកន្លែងកើតហេតុ និងម្នាក់ទៀត ជិះពីក្រោយត្រូវរងរបួសធ្ងន់ធ្ងរ ។ ចំណែកម្ចាស់ម៉ូតូសេ ១២៥ ក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ រីឯម៉ូតូទាំង ២ គ្រឿង ត្រូវរងការខូចខាត។
នាយនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឲ្យដឹងថា បុរសស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ ប្រាក់ វណ្ណី ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង និងអ្នក ជិះពីក្រោយ ដែល រងរបួស ធ្ងន់ ឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ ហើយទាំងពីរនាក់ ជាបងប្អូនបង្កើតមានទីលំនៅ ភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកពាមរ ខេត្តព្រៃវែង ។ ដោយឡែក ម្ចាស់ម៉ូតូសេ១២៥ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។
សមត្ថកិច្ចបញ្ជាក់ថា សពត្រូវប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវ រថយន្តសាមុយ មកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ម៉ូតូទាំង ២ គ្រឿង ត្រូវនគរបាលវាស់វែង យកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ www.khmerload.com




0 comments:
Post a Comment