រាជធានីភ្នំពេញ៖ ខណៈពេលអ្នកប្រដាល់ជើងចាស់ និងជើងថ្មីត្រូវបានសម្រេចយកសង្វៀនបំពាក់ដោយម៉ាស៊ីនត្រជាក់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាកន្លែងជម្រះបញ្ជីគ្នាកាលពីថ្ងៃសៅរ៍នោះ គេសង្កេតឃើញ រីឯអ្នកជំនាញវាយកែងជង្គង់ វង្ស ណយ ក៏ត្រូវបានផ្គូផ្គងឲ្យជួបអ្នកលេងកណ្តាប់ដៃ ភេឌី ម៉ឺនសុភា ជាលើកដំបូងផងដែរ ប៉ុន្តែលទ្ធផលនៃការតស៊ូនៅលើសង្វៀនចំនួន៥ទឹកបានបង្ហាញថា ភេឌី ម៉ឺនសុភា បានទទួលជ័យជម្នះ។
កីឡាករ វង្ស ណយដែលល្បីប្រើជង្គង់ និងកែងនោះត្រូវបាន ភេឌី ម៉ឺនសុភា រារាំងមិនឲ្យចេញរួច ហើយពេល វង្ស ណយ បញ្ចេញកែងទៀតក៏ត្រូវសុភាច្រាសកណ្ដាប់ដៃសងវិញឲ្យកែងរបស់គេ លែងមានប្រសិទ្ធភាព ហេតុនេះទើបជ័យជម្នះត្រូវបានទៅលើភេឌី ម៉ឺនសុភា។ បើគេមើលតាមទឹកនីមួយៗវិញ នៅទឹកទី៣ វង្ស ណយ វ៉ៃបានល្អ និងមានប្រៀបលើភេឌី ម៉ឺសុភា ជាខ្លាំងព្រោះដើមទឹកជង្គង់របស់គេអុកចូលពញ និងចុងដង្ហើមសុភាពេញៗ ។ ប៉ុន្តែនៅទឹកទី៤ និងទឹកទី៥ ភេឌី ម៉ឺនសុភា បែរជាតាមដេញវាយកីឡាករវង្ស ណយ រហូតចប់ទឹក។
ការជួបគ្នារបស់ វង្ស ណយ មកពីកងពលតូចលេខ៣១ និង ភេឌី ម៉ឺនសុភា របស់ក្លិបយុវជនអង្គរ ក្នុងលំដាប់គូឯកទម្ងន់៦៩គ.ក្រ បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ ថ្វីបើពួកគេមិនដែលបានជួបគ្នាពីមុនមក ប៉ុន្តែការមានជំនាញវាយខុសៗគ្នា និងមានគ្រោះថ្នាក់របស់ ណយ និង ម៉ឺនសុភា បានបង្កើតនូវការភ្ញាក់ផ្អើលនៅក្នុងជំនួបលើកនេះ ហើយទស្សនិកជនចង់ឲ្យមានជំនួបពួកគេនៅលើកក្រោយៗទៀត៕
ប្រភពពី៖ www.ve-news.com




0 comments:
Post a Comment