Home » , , » យុវតីមកពីជនបទ ជិះតែកងទៅរៀន ប្រឡងបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបថ្នាក់ជាតិ

យុវតីមកពីជនបទ ជិះតែកងទៅរៀន ប្រឡងបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបថ្នាក់ជាតិ

យុវតីកូនអ្នកចម្ការជនបទ មានជីវភាពមធ្យម មកជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងមានត្រឹមកង់ដើម្បីជិះទៅសាលាសោះ រកបាននិទ្ទេសA ក្នុងការប្រឡងបាក់ឌុបថ្នាក់ជាតិ ឆ្នាំនេះ។

ទី វួចនី អាយុ១៧ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមានឪពុកម្ដាយជាអ្នកចម្ការ ប៉ុន្តែបានមកជួលផ្ទះស្នាក់នៅភ្នំពេញ ដើម្បីសិក្សានៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរយៈពេលពីរឆ្នាំនេះ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឮលទ្ធផលបាក់ឌុបប្រកាសពីរសៀលម្សិលមិញ ថារូបគេបានជាប់និទ្ទេស A ជាមួយនឹងមធ្យម

វួចនីថ្លែងថា៖ “ខ្ញុំសប្បាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រោះនេះជាភាពជោគជ័យដ៏ធំធេងក្នុងជីវិតរបស់ខ្ញុំ”។

យុវតីរូបនេះរៀបរាប់ថា ការប្ដូរមករស់នៅភ្នំពេញ ដោយជួលផ្ទះគេស្នាក់នៅជាមួយមិត្តភ័ក្តិស្រីៗប៉ុន្មាននាក់ គោលបំណងដើម្បីបុករៀនឲ្យបាននិទ្ទេសល្អ ព្រោះខ្លួនយល់ថា មានតែរាជធានីទេ ដែលផ្ដល់ឱកាសឲ្យរូបគេអាចសិក្សាបានច្រើន បើប្រៀបធៀបនឹងខេត្តរបស់ខ្លួន។

យុវតីរាងតូចច្រឡឹង រួសរាយរាក់ទាក់ បានរៀបចំកាលវិភាគសិក្សារបស់ខ្លួនយ៉ាងហ្មត់ចត់ នៅពេលគេចូលដល់ថ្នាក់ទី១២។ គេបានបុករៀនគួរលើមុខវិជ្ជាសំខាន់ៗ ដែលមានពិន្ទុច្រើន ដូចជាគណិត, រូប, គីមី, និងជីវៈវិទ្យា នៅសាលាបង្រៀនគួរល្បីៗ។

ប៉ុន្តែក្រៅពីរៀនបំប៉នបន្ថែម យុវតីរូបនេះបានកំណត់ខ្លួនឯងយ៉ាងច្បាស់លាស់ត្រូវតែសិក្សាដោយខ្លួនឯងនៅផ្ទះបីម៉ោងក្នុងមួយថ្ងៃបន្ថែមទៀត។

វួចនីថា៖ “ខ្ញុំខំរៀនដើម្បីបាននិទ្ទេសល្អនេះ គោលបំណងចង់ចូលសិក្សាផ្នែកពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ”។

ប៉ុន្តែយុវតីរូបនេះយល់ថា ការសិក្សានៅសាលាបង្រៀនគួរថ្លៃៗ ឬរៀនជាមួយគ្រូល្អៗ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ខ្លាំងជាងនេះ គឺខ្លួនឯងទៅវិញទេ ដែលជាកត្តាកំណត់ភាពជោគជ័យនេះ។ ទន្ទឹមនឹងនោះ គ្រួសារក៏ជាផ្នែកមួយក្នុងជោគជ័យនេះ ពីព្រោះបើគ្មានការជួយជំរុញលើកទឹកចិត្តទេ គេក៏គ្មានអារម្មណ៍ផ្ដោតលើការសិក្សាឲ្យបានខ្លាំងក្លាដែរ។

“យ៉ាងណាមិញ យើងមិនគួរឈ្ងោករៀនតែមួយមុខនោះទេយើងត្រូវចេះចែកម៉ោងរៀន ម៉ោងជួបជជែកលេងជាមួយមិត្តភ័ក្តិនិងម៉ោងលេងហ្គេមខ្លះដែរ”។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា។

វួចនីយល់ថា ប្រសិនបើយុវជនណាចង់ទទួលបាននិទ្ទេសAដូចកញ្ញា គេគួរតែខិតខំរៀនតាំងពីថ្នាក់ក្រោមទៅ ពោលគឺពីថ្នាក់ទី៩ ឬទី១០ឡើងទៅ ពីព្រោះមេរៀននៅថ្នាក់ទាំងនោះជាមូលដ្ឋានសម្រាប់ថ្នាក់បាក់ឌុប។ កញ្ញាបន្ថែមថា យុវជនគួរបោះបង់គំនិតចោលថា ទាល់តែដល់ថ្នាក់ទី១២ ទើបបុករៀន នោះវាអាចនឹងយឺតពេល ម្យ៉ាងអាចរៀនមុខភ្លេចក្រោយ៕

Referent by: Sabay News

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS